Skip to main content

មណ្ឌល (Mandala) ប្រាសាទខ្មែរ

ននៅក្នុងអត្ថន័យទូទៅមណ្ឌល គឺជាទីប្រជុំជន មានសណ្ឋានរាងជារង្វង់មូល អាចសំដៅទៅដល់តំបន់, ខេត្ត, ទីរួមខេត្តក៏បានដែរ។ អត្ថន័យឆ្ងាយពីនេះ គឺជាទម្រង់រចនាសម្ព័ន្ធនៃការទ្រទ្រង់ជីវិតរស់នៅ គឺជាដ្យាក្រាមលោកធាតុ បង្ហាញពីភាពទំនាក់ទំនងគ្នារហូតដល់អនន្តកម្ម គិតរួមទាំងរូបកាយ និងសតិអារម្មណ៍នៃបុគ្គលផង។ នៅក្នុងជំនឿបុរាណ មណ្ឌលត្រូវបានសំដៅទៅដល់ការនាំព្រលឹងវិញ្ញាណទៅដល់សេចក្តីស្ងប់សេចក្តីសុខ ដែលកើតដោយការសមាធិ។ នោះគឺជាការបង្កើតបាននូវទីកន្លែងគោរពបូជាមួយ គឺជាមណ្ឌលកម្មដ្ឋាន។

មណ្ឌលបែបសាសនាពុទ្ធនិយម មានរាងរង្វង់មូលដូចទៅនឹងទម្រង់នៃចេតីយ៍ ដែលបានប្រារព្វរៀបចំឡើងរបស់ពុទ្ធសាសនិក។ ចំពោះសំណង់ប្រាសាទនៃលទ្ធិព្រហ្មសាសនា  គឺជាការគិតគូរប្លង់នៃបរមត្ថវិជ្ជារបស់ប្រាសាទ។ ប្លង់មូលដ្ឋានរបស់ប្រាសាទហិណ្ឌូ បានសំដែងជារូបភាពធរណីមាត្រយ៉ាងស័ក្តិសិទ្ធិ នៅកន្លែងដែលប្រាសាទត្រូវសាងសង់។ នោះគឺជាមណ្ឌលដ៏ធំមួយ។ គំនូសនេះជាវិទ្យាសាស្ត្រមួយ ដែលមានគោលបំណងឆ្លុះបង្ហាញពីប្លង់បាតប្រាសាទ ទាក់ទងទៅដល់បណ្តាទិសសំខាន់នៃផែនដី ដែលជាទីកន្លែងនៃសត្វលោករស់នៅ ឬជាកន្លែងនៃបណ្តុំមនុស្ស និងឋានសូគ៌។ មណ្ឌល គឺជារូបភាពរង្វង់តំណាងសកលលោកនៃនិមិត្តរូបហិណ្ឌូនិយម និងពុទ្ធនិយម។ ចរឹកលក្ខណៈនៃមណ្ឌល គឺរូបភាពដ៏ស័ក្តិសិទ្ធិមួយដែលបង្កប់អត្ថន័យ ឬជាការប្រសព្វគ្នារវាងរង្វង់និងការ៉េ។ ប្លង់បាត គឺជាគំនូសបំព្រួញនៃលោកធាតុ បង្កើតចេញជាទីក្រុង ឬក៏ប្រាសាទ ដែលត្រូវបានបង្ហាញតាមបែបបន្ថយទំហំតូចៗ នៃទីកន្លែងស្នាក់អាស្រ័យនៅរបស់ពួកអាទិទេព។ គំនូសបំព្រួញបែបវេទមន្ត ឬមណ្ឌលនេះ ត្រូវបានផ្សំឡើងដោយក្រឡាតូចៗគឺជាការ៉េឯកតាជាច្រើន ដែលការ៉េឯកតានិមួយៗហៅថា”បទ”(Pada) មានន័យថាទីតាំង។ តាមក្រឡាតូចៗទាំងនោះមានក្រឡាកណ្តាល និងក្រឡាផ្សេងទៀតនៅព័ទ្ធជុំវិញ ត្រូវបានគិតប្រៀបប្រដូចជារូបភាពចម្លងបង្រួញតូចនៃពិភពលោក។ បណ្តាក្រឡាទាំងនោះសុទ្ធតែជាកន្លែងអង្គុយរបស់បណ្តាអាទិទេពដោយឡែកៗ។ មណ្ឌលនៃប្រាសាទក្នុងទម្រង់តូចជាងគេ គឺមួយជ្រុងៗមានបីក្រឡា ឬបីបទ ហៅថា ត្រីបទ ហើយក្រឡាកណ្តាលគឺជាទីតាំងនៃព្រះព្រហ្ម។ អាស្រ័យតាមកំរិតរូបរាងប្រាសាទ មណ្ឌលអាចមានចំនួនការ៉េតូចៗទៅដល់៣២គុណនឹង៣២។

ស្ថាបត្យកម្មសក្ការៈខ្មែរ បែបព្រហ្មញ្ញសាសនា មានលក្ខណៈឆ្លុះ និងមានស្ថានជាច្រើនគឺស្ថានយក្ស តំណាងឲ្យភាពអាក្រក់, ស្ថានមនុស្ស, ស្ថានទេវតា, និងនៅកណ្តាលគេគឺស្ថានព្រហ្ម ដែលកំណត់ដល់ការបង្កើតថាមពល។ ចំពោះមណ្ឌលដែលមាន៦៤បទ គឺជាបង្គុំការ៉េចូលផ្ចិត ដែលស្រទាប់ក្រៅបង្អស់គឺជាស្រទាប់យក្សឬភាវៈអាក្រក់, បន្ទាប់ជាស្រទាប់មនុស្សឬភាវៈរស់, បន្ទាប់មកទៀតជាស្រទាប់ទេវតាឬភាវៈល្អ និងកណ្តាលគឺទីតាំងព្រហ្ម។ នៅកន្លែងព្រហ្មស្ថាននេះជាទូទៅត្រូវបានគេដាក់តម្កល់សិវៈលិង្គជាមួយនឹងយោនីនាងឧម៉ា ឬរូបសំណាកព្រះអាទិទេព។ មនុស្សម្នាដែលមកគោរពសក្ការៈបូជា ធ្វើដំណើរប្រទក្សិណនៅតាមគន្លងនៃស្រទាប់មនុស្ស គឺចន្លោះស្រទាប់ល្អនិងស្រទាប់អាក្រក់។ ចំពោះប្រាសាទតូច បទយក្សនេះមិនត្រូវមាននៅក្នុងអាគារនោះទេ ដោយជ្រុងនៃមណ្ឌលនិមួយៗមានតែបីបទប៉ុណ្ណោះ។ នៅចំកណ្តាលនៃព្រហ្មស្ថានគឺក្បាលគ្រឹះ ដែលជាចំណុចសំខាន់របស់ប្រាសាទ ឆ្លើយគ្នាទៅនឹងកំពូលប្រាសាទ ហៅថាសិខារៈ (Shikhara) ឬសិខា។ ប្រាសាទដែលមានមណ្ឌលតូចជាងគេនេះគឺមានដូចជា៖ ប្រាសាទអាស្រមមហាឥសី, ប្រាសាទគោកព្រះធាតុ, ប្រាសាទព្រះធាតុតូច, ប្រាសាទភ្នំឈ្ងោក,...។

មណ្ឌល ៩ក្រឡា

មណ្ឌល ៦៤ក្រឡា

ប្រាសាទ អាស្រមមហាឥសី (រូបសំណាក)

ប្រាសាទ គោកព្រះធាតុ (រូបសំណាក)

ប្រាសាទ ភ្នំឈ្ងោក (គំនូរ)

មតិ